បច្ចេកវិទ្យាទំនើប World Cup ប្រើ កុំឱ្យឈ្លោះគ្នារឿងបាល់ចូលទីឬអត់
បច្ចេកវិទ្យា Goalline ត្រូវបានប្រើប្រាស់ដំបូងក្នុងរដូវកាលបាល់ទាត់ពិភពលោក FIFA World Cup នៅប្រទេសប្រេស៊ីល ឆ្នាំ២០១៤ ដើម្បីជួយកាត់សេចក្ដីថាតើបាល់ចូលទីឬអត់ នៅពេលបាល់ធ្លាក់កៀកនឹងខ្សែត្រង់កន្លែងចាំទី ហើយខ្ទាតចេញមកក្រៅទីវិញ។ ជាក់ស្ដែង ការប្រកួតរវាងក្រុមជម្រើសជាតិបារាំង និងហុងឌុយរ៉ាស់នៅ World Cup ប្រទេសប្រេស៊ីលកាលពីឆ្នាំ២០១៤ ក៏បានកាត់សេចក្ដីដោយបច្ចេកវិទ្យា Goalline ថាគ្រាប់បាល់ដែលអ្នកចាំទី Noel Valladares របស់ក្រុមហុងឌុយរ៉ាស់ចាប់បាន ក្រឡករំលងហួសខ្សែទីបន្តិច ដែលនេះធ្វើឱ្យបារាំងនាំមុខ ហុងឌុយរ៉ាស់ ២:០។
អ៊ីចឹងតើ បច្ចេកវិទ្យា Goalline នេះដំណើរការយ៉ាងម៉េច ហើយមានប៉ុន្មានប្រភេទ ទើបអាចកាត់សេចក្ដីថា បាល់ធ្លាក់ចំពីលើ ឬកៀកនឹងខ្សែចាំទី ចាត់ទុកថាចូលទីឬអត់?
**GoalControl
GoalControl ជាបច្ចេកវិទ្យាដែលបង្កើតឡើងដោយប្រទេសអាល្លឺម៉ង់ ហើយក៏យកមកប្រើនៅ World Cup ប្រទេសប្រេស៊ីលក្នុងឆ្នាំ ២០១៤ កន្លងទៅ។ បច្ចេកវិទ្យានេះប្រើកាមេរ៉ាចំនួន ១២ (High-speed Cameras) ដែលអាចចាប់យករូបភាពបានលឿនបំផុត ហើយកាមេរ៉ាចំនួន៧ត្រូវចាប់ត្រង់កន្លែងចាំទី ដើម្បីបញ្ជាក់ថា តើមានគ្រាប់បាល់ណាក្រឡកហួសខ្សែទីឬអត់។
**Hawk-Eye
បច្ចេកវិទ្យានេះស្រដៀងគ្នាទៅនឹង GoalControl ដែរ ហើយវាតែងតែត្រូវបានប្រើក្នុងកីឡាប្រកួតវាយកូនបាល់ ឬ វាយតេនីសជាដើម។ Hawk-Eye ប្រើកាមេរ៉ាមានល្បឿនលឿនក្នុងការចាប់យករូបភាពវីដេអូផ្សេងៗនៅជុំវិញទីលានបាល់ទាត់ ដើម្បីអាចកំណត់ទីតាំងនិងការហោះហើរនៃបាល់។ កាមេរ៉ាចំនួន ៧ ត្រូវដាក់ឱ្យតាមថតរាល់គ្រាប់បាល់ដែលចូលទី ដូចគ្នានឹងបច្ចេកវិទ្យា GoalControl ខាងលើដែរ។ នៅពេលបាល់ឆ្លងខ្សែទីឬអត់ នោះអាជ្ញាកណ្ដាលនឹងដឹង។ Hawk-Eye ត្រូវបានប្រើក្នុងរដូវកាល Premier League ឆ្នាំ ២០១៣-២០១៤ របស់អង់គ្លេស។
**Cairos GLT System
បច្ចេកវិទ្យានេះមិនប្រើកាមេរ៉ាក្នុងការតាមដានគ្រាប់បាល់នោះទេ តែវាប្រើ Magnetic Field ជំនួសវិញ។ Sensor មួយគឺត្រូវបានបំពាក់ក្នុងបាល់ ដែលអាចចាប់យក Magnetic Field ដែលផលិតពីខ្សែតូចមួយបង្កប់នៅតំបន់ពិន័យ (Penalty)។ កុំព្យូទ័រនឹងចាប់ទីតាំងបាល់ តាមរយៈ Sensor ហើយនឹងដឹងថាគ្រាប់បាល់ឆ្លងកាត់ខ្សែទីឬក៏អត់។
**Goalminder
Goalminder បំពាក់ High-Speed កាមេរ៉ានៅត្រង់បង្គោលនិងរបារទី ដើម្បីបញ្ជូនភស្តុតាងទៅកាន់អាជ្ញាកណ្ដាល។
**GoalRef
GoalRef ប្រើបច្ចេកវិទ្យា Magnetic Field ស្រដៀងគ្នាទៅនឹង Cairos GLT ដែរ តែវាបំពាក់ Sensor នៅត្រង់បង្គោលទី ដើម្បីតាមដានបាល់រត់កាត់ទី៕
ទស្សនាវីដេអូអំពីដំណើរការនៃបច្ចេកវិទ្យា Goalliner ទាំងអស់គ្នា៖
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ theguardian
0 comments:
Post a Comment