ប្រភពមកពីcamnews
ប្រណាំងកង់នៅសៀមរាបទាក់ទាញអ្នកចូលរួមដ៏ច្រើនកុះករ
Mon, 8 December 2014
យឺន ពន្លក
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: ព្រឹត្តិការណ៍ប្រណាំងកង់ដើម្បីជួយកុមារក្រីក្រនៅមុខទីលានជល់ដំរី នៃទឹកដីខេត្តសៀមរាប បានបញ្ចប់ទាំងរីករាយ និងជោគជ័យកាលពីព្រឹកថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ២០១៤ ក្រោមអធិបតីភាពលោកនុត សាអានអនុប្រធានទី១នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកវ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងក្រោមការចូលរួមពីអ្នកប្រណាំងជាតិ និងអន្តរជាតិដ៏ច្រើនកុះករ។
អ្នកស្រីហង្ស ពិផល ប្រធានអង្គការភូមិគោលដៅ បានមានប្រសាសន៍ឲ្យដឹងថា៖ «ឆ្នាំនេះ មានទំហំធំជាងឆ្នាំមុនៗដែលយើងធ្លាប់រៀបចំប្រកួតចំនួន៥លើក។ ថវិកាដែលបានមកពីព្រឹត្តិការណ៍នេះគឺសម្រាប់ជួយដល់កុមារកំព្រា កុមារក្រីក្រ កុមារដែលស្ថិតនៅក្នុងពន្ធនាគារជាមួយម្ដាយតាមរយៈការផ្ដល់ឲ្យពួកគេ នូវអាហារូបត្ថម្ភ និងការសិក្សាសមរម្យ»។
លោកវ៉ាត់ ចំរើន បានលម្អិតពីបច្ចេកទេសឲ្យដឹងដែរថា៖ «ការប្រណាំងកង់ឆ្នាំនេះ ទោះបីយើងបានប្តូទីតាំងពីមុខអង្គរទៅទីលានជល់ដំរី ប៉ុន្តែ នៅតែមានភាពល្អប្រសើរជាងមុន សប្បាយជាងមុន អ្នកចូលរួមច្រើនជាងមុន និងទទួលបានប្រាក់ឧបត្ថម្ភច្រើនជាងមុនដែរ។ ពីមុនឆ្នាំ២០១៣ ការប្រណាំងកង់ធ្វើនៅក្នុងថ្ងៃតែមួយនៃការរត់ពាក់កណ្តាល ម៉ារ៉ាតុង ប៉ុន្តែ ចាប់ពីឆ្នាំ ២០១៣ មក ព្រឹត្តិការណ៍នេះបានកាត់ផ្តាច់ពីម៉ារ៉ាតុងដោយត្រូវរៀបចំធ្វើមុន មួយថ្ងៃ ដោយនៅឆ្នាំនេះ យើងបានរៀបចំនៅថ្ងៃសៅរ៍ ទី៦ ខែធ្នូ»។
លោកវ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «អ្នកប្រណាំងកង់សរុបមានចំនួន៨០០នាក់ ជនជាតិបរទេស៤០៣នាក់ដែលមកពី៤១ប្រទេសនៅលើពិភពលោក ហើយកីឡាករ និងកីឡាការិនីខ្មែរចំនួន៣២៧នាក់»។
ទោះបីយ៉ាងណា លោកវ៉ាត់ ចំរើន ដែលជាអ្នកគ្រប់គ្រងការប្រកួត បានឲ្យដឹងថា៖ «ការប្រកួតនេះមិនសម្រួចទៅលើចំណាត់ថា្នក់ជាចម្បងទេ ពីព្រោះអ្នកជិះភាគច្រើនមិនមែនអាជីព ដោយអ្នកជិះអាចទស្សនាទេសភាពបាន»។
ការប្រណាំងកង់ដើម្បីជួយកុមារមួយនេះ ត្រូវបានចែកចេញជាបីវិញ្ញាសា រួមមានប្រណាំងចម្ងាយ១៧គីឡូម៉េត្រ បុរស-នារី ៣០គីឡូម៉ែត្រ បុរស-នារី និង១០០គីឡូម៉ែត្របុរស-នារី ហើយចំពោះលទ្ធផលក្រោយពេលពេញមួយព្រឹក ចំណាត់ថ្នាក់លេខ ១ លើចម្ងាយផ្លូវ១០០គីឡូម៉ែត្រផ្នែកបុរសបានទៅលើកីឡាករកម្ពុជាគឹម សាន្ត។ ដោយឡែក កីឡាការិនី ហេង ស៊ីវឡាង បានទទួលចំណាត់ថ្នាក់លេខ១ក្នុងការប្រណាំងចម្ងាយ១០០ម៉ែត្រផ្នែក នារី។ បូ មករា បានទទួលជ័យជម្នះក្នុងការប្រណាំងផ្នែកបុរសលើចម្ងាយផ្លូវចម្ងាយ៣០ គីឡូម៉ែត្រ ខណៈហេង ស៊ីវហ្គិច ទទួលបានលេខ១ក្នុងវិញ្ញាសានារី៕
0 comments:
Post a Comment