អ្នកវិទ្យាសាស្ត្រកំពូលរបស់ណាសាអះអាងថាយើងជិតបានឃើញជីវិតភពក្រៅហើយក្នុងពេល ១០ទៅ២០ ឆ្នាំទៀត
ថ្ងៃទី 8 មេសា 2015, 10:13:AM
63 Google +0 2 0
យោងតាមវេបសាយដេលីមែលកាលពីថ្ងៃទី ៧ ខែមេសា មានភពដូចផែនដីយ៉ាងតិច ២០០ ពាន់លាននៅក្នុងកញ្ចុំផ្កាយកាឡាក់ស៊ី (Galaxy) របស់យើង ហើយឥឡូវក្រុមមន្ត្រីរបស់អង្គការណាសាអះអាងថា យើងអាចជិតបានឃើញជីវិតនៅលើភពមួយក្នុងចំណោមភពទាំងនោះហើយ។
អំឡុងការពិភាក្សាមួយក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារ ទីភ្នាក់ងារអវកាសមួយនេះបានប្រកាសថា មនុស្សលោកទំនងជិតបានឃើញជីវិតភពក្រៅហើយក្នុងរយៈពេលមួយទសវត្សរ៍ទៀត។


លោកស្រី Ellen Stofan ប្រធានអ្នកវិទ្យាសាស្ត្រសម្រាប់អង្គការណាសាបាននិយាយថា "ខ្ញុំជឿថាយើងនឹងមានការចង្អុលបង្ហាញដ៏រឹងមាំមួយអំពីជីវិតក្រៅភពផែនដីនៅមួយទសវត្សរ៍ទៀត និងភស្តុតាងច្បាស់លាស់ក្នុងរយៈ ១០ ទៅ ២០ ឆ្នាំទៀត"។
លោកស្រីនិយាយថា "យើងដឹងថាទីណាត្រូវពិនិត្យមើល យើងដឹងពីរបៀបពិនិត្យមើលវា និង ក្នុងករណីភាគច្រើនបំផុត យើងមានបច្ចេកវិទ្យាសម្រាប់វាតែម្តង"។
លោក Jeffery Newmark នាយកស្តីទីផ្នែកព្រះអាទិត្យរូបវិទ្យានៅទីភ្នាក់ងារនេះបានបន្ថែមថា "វាប្រាកដណាស់មិនមែន ប្រសិនបើនោះទេ តែវាគឺ តើនៅពេលណា"។
លោកស្រី Stofan បាននិយាយថា "យើងមិនមែននិយាយអំពីមនុស្សបៃតងតូចៗនោះទេ។ យើងនិយាយអំពីអតិសុខុមប្រាណតូចៗ"។
ការប្រកាសនេះត្រូវបានធ្វើឡើងដោយសារការរកឃើញទឹកថ្មីៗនេះរបស់អង្គការណាសានៅក្នុងទីកន្លែងដ៏គួរឲ្យភ្ញាក់ផ្អើលជាច្រើន។ លោក Jim Green នាយកផ្នែកវិទ្យាសាស្ត្រផែនដីនៅណាសា បានកត់សម្គាល់ថាការសិក្សាថ្មីៗនេះអំពីបរិយាកាសភពអង្គារបានរកឃើញថា អឌ្ឍគោលខាងជើងរបស់ភពនេះចំនួន ៥០% ធ្លាប់មានមហាសមុទ្រជម្រៅជិតពីរគីឡូម៉ែត្រ។
ការសិក្សាដដែលនេះបានរកឃើញថា ទឹកបានមានវត្តមានលើភពក្រហមនេះរយៈពេលរហូតដល់ទៅ ១,២ ពាន់លានឆ្នាំឯណោះ។
លោកស្រី Stofan បាននិយាយថា "យើងគិតថាអំឡុងពេលវេលាដ៏យូរនេះគឺមានសារៈសំខាន់ណាស់សម្រាប់ឲ្យជីវិតបំលែងខ្លួនកាន់តែស្មុគ្រស្មាញ"។
អនុប្រធានអង្គការណាសា លោក John Grunsfeld បាននិយាយថា លោកមានក្តីរំភើបណាស់អំពីការដែលបានឃើញនូវអ្វី ដែលបានបង្កើតជីវិតឡើងនៅក្រៅភពផែនដី"។
លោកបាននិយាយថា "នៅពេលណាដែលយើងទៅហួសពីភពអង្គារ ដែលកកើតចេញពីរូបធាតុដូចផែនដីដែរនោះ ឱកាសដែលថាជីវិតមានលក្ខណៈស្រដៀងនឹងអ្វីដែលយើងបានឃើញនៅលើផែនដីនេះគឺមានទាបណាស់។ ខ្ញុំគិតថា យើងនៅសល់មួយជំនាន់ទៀតទើបបានឃើញជីវិតក្រៅភពក្នុងប្រព័ន្ធសុរិយគតិរបស់យើង និង មួយជំនាន់ទៀតនៅលើភពនៅជុំវិញព្រះអាទិត្យ"៕
0 comments:
Post a Comment