ហេតុអ្វីប្លក់ករគួរតែទិញប្រើឈ្មោះអាសយដ្ឋាន (domain) ប្លក់ផ្ទាល់ខ្លួន? យើងនឹងនិយាយរៀបរាប់ពីសារប្រយោជន៍នៃការមាន domain ផ្ទាល់ខ្លួនចំពោះប្លក់ ទាំងឡាយ។ តែជាដំបូងនេះសូមនិយាយចំពោះគេហទំព័របន្តិចថា រាល់ការបង្កើតជាគេហទំព័រតែងតែមានគម្រោងបង្កើត ដើម្បីរកលុយ ឬមិនរកកម្រៃ ដូច្នេះគេត្រូវតែទិញ ឈ្មោះគេហទំព័រ (Domain) មិនអាចប្រើរបស់ Free បានទេ និងទិញស្តុក Hosting សម្រាប់ដាក់បង្ហោះគេហទំព័រនោះ គេមិនអាចប្រើ Hosting ដែល Free បានទេ ព្រោះងាយប្រឈមនឹងការបិទចោលដោយគ្មានការតវ៉ា។ ឈ្មោះគេហទំព័រ (Domain) សម្រាប់គេហទំព័រ គឺជារបស់មិនអាចខ្វះបានជាដាច់ខាត ចុះចំពោះប្លក់ដែលបង្កើតដោយ Free វិញ?។
=> ការបង្កើតប្លក់មាន ២ ប្រភេទគឺ ៖
ទីមួយ : ការបង្កើតដោយចំណាយលុយទិញ Domain និង Hosting ដែលអាចប្រើជាមួយ CMS បានដោយជម្រើស។ ចំណុចនេះមិនខុសពីការបង្កើតគេហទំព័រទេ គ្រាន់តែម្ចាស់អ្នកបង្កើត គេមិនហ៊ានតាំងខ្លួនគេថា ជាគេហទំព័រ ព្រោះគេយល់ថា មិនសូវមានអត្ថបទជាប្រចាំគ្មានជំនាញក្នុងការសរសេរប្រធានបទផ្ទាល់ខ្លួន (កំណត់ហេតុបុគ្គល) និងចម្លងពីគេជាដើម។
ទីពីរ : ការបង្កើតប្លក់បានដោយ Free ដែលទទួលបាន Subdomain និង Hosting ដែលមានប្រព័ន្ធផ្សាយអត្ថបទមួយដែលមានដែនកំណត់ និងលក្ខខណ្ឌ។ ប្លក់ភាគច្រើនសឹងតែ 99% បង្កើតឡើង free ដោយប្រើសេវាកម្មបង្ហោះប្លក់ដូចជា Blogger.com, WordPress.com ជាដើម ឃើញថាពិតជាងាយស្រួលមែនទែន មិនបាច់ចំណាយមិនបាច់ថែទាំ ប៉ុន្តែភាគច្រើននៃអ្នកបង្កើតប្លក់ មិនដឹងពីគុណវិបត្តិនៃការប្រើប្រាស់ Subdomain (ឈ្មោះអាសយដ្ឋានប្លក់ដែលជ្រកក្រោមក្លៀកគេ) ថាវាមានផលប៉ះពាល់ប៉ុណ្ណានោះទេ!។
នៅពេលដែលអ្នកចាប់ផ្ដើមបង្កើតប្លក់ជាមួយនឹងការប្រើ Subdomain ដែលឥតគិតថ្លៃនោះ គឺជារឿងធម្មតាទេ តែបើប្លក់របស់អ្នកមានគេស្គាល់ច្រើន ហើយនៅតែប្រើ Subdomain ទៀតនោះ ធ្វើឲ្យប្លក់មិនសូវទទួលបានចំណូលទស្សនាខ្ពស់ដូចគេហទំព័រនានាឡើយ។ បើចំពោះការស្វែងរកអ្នកឧបត្ថម្ភគាំទ្រ ឬចង់ទទួលផ្សាយពាណិជ្ជកម្មរកលុយខ្លះៗនោះ មិនងាយមានអ្នកណាហ៊ានផ្សាយផលិតផលនៅតាមប្លក់ឡើយ ព្រោះគេគិតថា មានអ្នកចូលមើលតិច។
បើលោកអ្នកគិតចង់ប្រើ Domian ផ្ទាល់ខ្លួន ដោយលែងជ្រកក្រោមឈ្មោះរបស់គេទៀតនោះ វាមានសំនួរខ្លះដែលអ្នកត្រូវគិតថា បន្ទាប់ពីយើងប្រើ Domian ថ្មី តើ PageRank (សក្ដិប្លក់) ឬ Alexa (ជាគេហទំព័រអ្នកចាត់ចំណាត់ថ្នាក់) អាចបាត់បង់ ឬធ្លាក់ប្រជាប្រិយភាពក៏អត់?។
ដូច្នេះដឹងចម្លើយនៃសំនួរទាំងនេះសូមលោកអ្នកអាននូវអ្វីដែលបានសរសេរនៅខាងក្រោមនេះ ដោយប្រុងប្រយ័ត្ន ថាហេតុអ្វីបានជាអ្នកគួរតែទិញ Domian ផ្ទាល់ខ្លួនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
១-កិត្តិសព្ទដោយឯករាជ
ការធ្វើឲ្យប្លក់របស់ខ្លួនមានអាសយដ្ឋានជា .com ឬ (.net, .org,…) គឺជារឿងចាំបាច់ និងពេញនិយមណាស់ក្នុងពេលឥឡូវនេះ ព្រោះអ្នកណាក៏គេអាចមានលទ្ធភាពទិញប្រើបានដែរ គ្មានអ្នកណាគេចង់បានពាក្យ yourblogname.blogspot.com ឬ yourblogname.wordpress.com នៅតោងជាប់ឈ្មោះប្លក់គេ គ្រាន់តែថា គេមិនទាន់ដល់ពេលដូរ ឬគេខ្ជិលដូរ។ មនុស្សម្នាឃើញតំណប្លក់ (URL) អ្នកមានជា .com ដូច្នេះគេ ប្រាកដជាទុកចិត្ត និងចង់ចូលមើល។
២-សេវាកម្មផ្ដល់ការដាក់ផ្សាយពាណិជ្ជកម្មភាគច្រើនមិនទទួលស្គាល់ Subdomain
សេវាកម្ម ដូចជា Buy and Sell ADS មិនទទួលយកប្លក់ណាដែលប្រើ Subdomain ទេ នេះមានន័យស្មើនឹងការបាត់បង់ចំណូលដល់ទៅ50% ក្នុងករណីប្លក់លោកអ្នកគេអនុញ្ញាតឲ្យដាក់សេវាផ្សាយពាណិជ្ជកម្មបាននោះ។
៣- Custom Domains ធ្វើឲ្យមានការកើនឡើងអ្នកគាំទ្រនិងអ្នកតាមដាន
អ្នកប្រើអ៊ីនធឺណិតចូលមើល និងតាមដានប្លក់របស់អ្នក តែនៅពេលពួកគេដឹងថា ប្លក់អ្នកផ្ដល់ជូននូវអ្វីដែលពួកគេមិនមានតែប៉ុណ្ណោះ។ ប៉ុន្តែនៅពេលដែលពួកគេបានដឹងថា អ្នកប្រើដែន blogspot.com ពួកគេអាចនឹងមើលស្រាល និងទម្លាក់ការចាប់អារម្មណ៍រាល់មាតិការបស់អ្នក ឬក៏លែងខ្វល់ពីប្លក់យើងដោយសារគេគិតថាយើងមិនមែនជាអ្នកជំនាញ។
មនុស្សភាគច្រើនឲ្យតម្លៃត្រង់ .com ឬ .org ដែលពួកគេគិតថាជាជាតំបន់បណ្ដាញមមាញឹក ជាប្រភពគួរឲ្យតាមដាន ដែលមានមនុស្ស ឬក្រុមនៅចាំសរសេរអត្ថបទជាប្រចាំ។ តែការទិញ Custom Domain យកមកប្រើជាមួយប្លក់ដែលមិនសូវមានអត្ថបទសោះ គឺជារឿងធ្ងន់ធ្ងរ និងចំណាយលុយទទេៗ ដូច្នេះអ្នកត្រូវពិចារណាដោយខ្លួនឯងថាត្រូវចំណាយលុយរាល់ឆ្នាំ ដោយសារតែឈ្មោះប្លក់ដែរឬទេ?
៤-ទាក់ទាញឲ្យមនុស្សចង់ចែករំលែក និងចំណាំឈ្មោះប្លក់យើង
បន្ទាប់ពីបានដឹងខ្លះៗ អំពីឥទ្ធិពលនៃ Custom Domains ពួកអ្នកចូលទស្សនាប្រាកដជាពេញចិត្ត និងមិនស្ទាក់ស្ទើរក្នុងចែករំលែករាល់អត្ថបទ ដែលមានក្នុងប្លក់ទៅកាន់មិត្តភ័ក្ដិ និងក្រុមគ្រួសាររបស់គេឡើយ។ ពួកគេនឹងមានទំនុកចិត្តចំណាំប្លក់អ្នកទុក និងទស្សនាវាជាញឹកញាប់ដើម្បីទទួលបានចំណេះដឹងបន្ថែមទៀតដោយសារតែពួកគេគិតថា រាល់អត្ថបទដែលគេបានអានគឺ កើតចេញពីអ្នកចេះ អ្នកជំនាញ។ ហើយមូលហេតុមួយទៀតនោះគឺ Subdomains មិនសូវទាក់ទាញអ្នកចូលមើលប្លក់ពីបណ្ដាញសង្គមដូចជា Facebook ឡើយ។
៥-PageRank កើនឡើងយឺតដោយសារ Subdomains
ការប្រើប្រាស់ដែន Blogspot មានន័យថា ឱកាសដែលទទួលបាន Backlinks (ការចូលតាមតំណត្រឡប់មកវិញ) ទាបបំផុតសម្រាប់អ្នក។ បើទោះជាប្លក់របស់យើងមានអត្ថបទមានអ្នកចូលមើលច្រើនយ៉ាងណាក៏កម្រិតសក្ដិដែលទទួលបានគឺជា Blogspot មិនមែនប្លក់របស់យើងទេ ក៏ព្រោះតែយើងជ្រកក្រោយផ្លាក Blogspot។
៦- អ្នកគ្រាន់តែត្រូវការទិញ Domain មិនបាច់ទិញ Hosting ទេ
នៅពេលដែលអ្នកទិញ Domain មួយសម្រាប់ប្លក់របស់អ្នកគឺគ្រប់គ្រាន់ហើយ មិនដល់ថ្នាក់ទិញ Hosting នាំឲ្យអស់លុយរាល់ឆ្នាំឡើយ គឺអស់ត្រឹមថ្លៃ Domain បានហើយ។ ជាសំណាងល្អសម្រាប់អ្នកប្រើ Blogger ព្រោះតែវាមិនសូវកំហិតធូររលុង អាចឲ្យយើងចែករំលែករបស់ដែលជាប់កម្មសិទ្ធិបញ្ញាបាន ដូច្នេះយើងមិនភ័យខ្លាចគេបិទប្លក់យើងនោះទេ។ តែផ្ទុយទៅវិញចំពោះអ្នកប្រើ WordPress ដោយមិនអស់លុយដែលនោះ គឺមានការពិបាកក្នុងការសរសេរអត្ថបទបែបវាយប្រហារចែករំលែករបស់ដែលខុសច្បាប់កម្មសិទ្ធិជាដើម គឺមានការប្រឈមខ្ពស់បំផុត ងាយនឹងត្រូវគេរាយការណ៍បិទប្លក់យើងណាស់កន្លងមកមានប្លក់ខ្មែរជាច្រើនដែលប្រើសេវាកម្ម WordPress ត្រូវបានបិទដោយគ្មានប្រាប់មួយម៉ាត់។ នេះហើយជាហេតុផលមួយក្នុងចំណោមហេតុផលដ៏ធំបំផុតហេតុអ្វីបានជាគេចូលចិត្ត Blogger ជាង WordPress ។
៧-Ranking (ស័ក្តិប្លក់) កើនឡើងលឿន
នៅពេលមានគេចុចចូលចិត្ត និងចែករំលែកអត្ថបទប្លក់កាន់តែច្រើនឡើង ចំណាត់ថ្នាក់ SERPs ដែលជាម៉ាស៊ីនស្វែងរកទំព័រលទ្ធផលរបស់អ្នកនឹងកើនឡើងដែរ មានន័យថា ម៉ាស៊ីនស្វែងរកដូចជា Google ឬ Bing នឹងបង្ហាញប្លក់របស់អ្នកមុនគេនៅពេលមានអ្នកស្វែងរកអ្វីមួយដែលទាក់ទង។ ចូរចាំថា ការដាក់ប៊ូតុងចែករំលែករបស់បណ្ដាញសង្គមឲ្យបានច្រើនប្រភេទ ស័ក្តិប្លក់របស់អ្នកទៅកាន់តែខ្ពស់។
៨-PageRank នឹងមានស្ថិរភាពនៅថ្ងៃបន្ទាប់ PR ធ្វើឲ្យទាន់សម័យ
ប្លក់ភាគច្រើនមាន PageRank ធំជាង ២ បើគេមិនហ៊ានផ្លាស់ប្ដូរ Domain ថ្មីតាមតែចិត្តគេចង់ផ្លាស់ទេ ព្រោះពួកគេបារម្ភថា ប្លក់ពួកគេនឹងបាត់បង់ PageRank។ មិនបាច់សង្ស័យទេ កាលណាយើងផ្លាស់ប្ដូរ Domain ប្រាកដជាបាត់បង់ តែការបាត់បង់នេះជាបណ្ដោះអាសន្នទេ។ នៅពេលដែល Robots ខាងក្នុងម៉ាស៊ីន Google ចាប់បានទីតាំងតំណប្ដូរទិសទាំងអស់របស់អ្នក PageRank ថ្នាក់ប្លក់របស់អ្នកនឹងត្រូវបានផ្ដល់ត្រឡប់មកវិញ នៅពេលគេបន្ទាប់សម័យ PageRank។
ឧទាហរណ៍ PR របស់ខ្ញុំបានធ្លាក់ចុះដល់សូន្យបន្ទាប់ពីផ្លាស់ប្ដូរ Custom Domain បានប្រហែល៣ខែកន្លងមក PR បានឡើងទៅ២វិញបន្ទាប់ Google បន្ទាប់សម័យ PR ដូច្នេះមានន័យថា ខ្ញុំទទួលបាន PR ត្រឡប់មកវិញ។
៩-ធ្វើឲ្យអាជីវកម្មរីកចម្រើន
នៅពេលប្លក់របស់អ្នកបានទាក់ទាញចរាចរ និងចងសម្ព័ន្ធជាមួយគេស្គាល់ច្រើនហើយនោះ អ្នកអាចបើកទទួលអត្ថបទពីអ្នកចូលមើលប្លក់ដែលគេចង់ចែករំលែក ឬទិញអត្ថបទពីគេទទួលផ្សាយផលិតផល ដាក់លក់ផ្ទាំងផ្សាយពាណិជ្ជកម្មក្នុងប្លក់ដែលអាចរកប្រាក់បានទាំងថ្ងៃ និងយប់។ អ្នកឧបត្ថម្ភនឹងផ្សព្វផ្សាយប្លក់យើងបើគេទុកចិត្តគុណភាពចរាចរណ៍របស់ប្លក់យើងថាបានមកដោយត្រឹមត្រូវមិនមែនប្រើកម្មវិធីក្លែង។
១០-Domains ធម្មតាមួយមិនដល់១០ដុល្លារទេ
ឥឡូវនេះអ្នកអាចទិញ Domain មានតម្លៃទាបជាង7.5$ ពី Godaddy!, ខ្ញុំគិតថាលុយត្រឹម 10$ អ្នកអាចមានលទ្ធភាពគ្រប់ៗគ្នា ព្រោះបើលោកអ្នកមានលុយបង់ថ្លៃអ៊ីនធឺណិត ដូច្នេះត្រឹម10$ ឬ15$ ក្នុងមួយឆ្នាំ ប្រាកដជាមានលទ្ធភាព។ គ្រាន់តែត្បិតត្បៀតចាយវាយរិះថាំ តែមួយរយៈគឺអាចទិញបានហើយ៕